ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេច ស ខេង ប្រកាសផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារឆ្នាំ២០២១-២០២៥
Wed,14 July 2021 (Time 12:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ដោយមានការចូលរួម ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកាក.ជ.ក អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបា លរាជធានី-ខេត្ត និងតំណាងអង្កការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ជូនថា កម្មពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាពេលព្រឹកនេះ រៀបចំដោយ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង សូត បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៊ីនធឺណិតគឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗពីគ្នា និងបានក្លាយជាក្ដីបារម្ភថ្មីមួយទៀត ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិល ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនអឺណិតឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងតម្រូវការទាំងនេះ កុមារក៏ត្រូវការទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ដែលជាផ្នែកមួយក្នុងការជំរុញការស្ដារនីតិសម្បទា កុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទឱ្យមានភាពរលូន និងឆាប់ជាសះស្បើយទាំងផ្លូវកាយ និងផ្លូវចិត្ត។

ដោយឡែក លោកស្រី Zoe De Mealo តំណាងប្រចាំប្រទេសរបស់អង្គការដែនដីមនុស្សហូឡង់ដ៍ ប្រចាំកម្ពុជា បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងការការពារកុមារនៅជុំវិញពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់អ៊ីនធឺណែត និងឧបករណ៍ព័ត៌មានវិទ្យាបានកើនឡើងយ៉ាងខ្លាំងដែលនាំមកនូវការកំណត់ ឬបែបបទថ្មីៗនៃឱកាស បញ្ហាប្រឈម និងហានិភ័យដល់កុមារ។ លោកស្រី បន្ថែមថា ទោះបីជាបណ្ដាញសង្គមភាគច្រើនមិនទទួលយកប្រវត្តិរូបរបស់កុមារអាយុក្រោ ម១៣ឆ្នាំក៏ដោយ ក៏កុមារជាច្រើន ដែលមានអាយុក្រោមនេះ មានប្រវត្តិរូបផ្ទាល់ខ្លួន ហើយប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ លោកស្រីបញ្ជាក់ថា គេប៉ាន់ស្មានថា ប្រជាជនកម្ពុជាប្រហែល១លាននាក់ ដែលមានអាយុក្រោម១៨ឆ្នាំ គឺជាអ្នកប្រើប្រាស់អ៊ីនអឺណែត។

នាឱកាសនោះដែរ លោក ចាឡា អាប់ដែលរ៉ាហាប់ ប្រធានស្ដីទី អង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានឱ្យដឹងថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាទម្រង់ថ្មីមួយនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារដែលសម្រ បសម្រួលដោយអ៊ីនអឺណែត តាមរយៈការប្រើប្រាស់គេហទំព័រ បណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីទូរស័ព្ទវៃឆ្លាត។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នេះជាលើកទី២ហើយ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលសម្ដេច ក្នុងនាមក្រសួងមហាផ្ទៃ បានចូលរួមជាប្រវត្តិសាស្រ្តជាមួយក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នៅក្នុងពិធីអបអរសាទរ និងប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការដែលបង្កើតឡើងដោយអន្តរក្រសួង។

សម្ដេចក្រឡាហោម បានបន្តថា ក្រោយពីព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យា កម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងលើពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋាន ទាំងនោះ ដោយខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបានជំរុញ ស្តារ និងអភិវឌ្ឍន៍បន្ថែមទៀត រហូតធ្វើឲ្យសម្រេចកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងពីរទសវត្សរ៍ចុងក្រោយនេះ ហើយត្រូវបានប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ទទួលស្គាល់នូវការប្រែប្រួលឈានឡើងយ៉ាងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវឱកាសជាច្រើនថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។

សម្ដេចក្រឡាហោម បន្ដថា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានជំរុញឲ្យការវិភាជន៍ធនធានបន្ថែម ដល់វិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដែលក្នុងនោះ ការអភិវឌ្ឍកុមារ គឺជាអាទិភាពមួយ នៃការកសាង ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ជាតិ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០។

សូមរំលឹកថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស តួអង្គយុត្តិធម៌ ព្រហ្មទណ្ឌ អ្នកអនុវត្តច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីទទួលយកផែនការ សកម្មភាព ដើម្បីបង្ការទប់ស្ដាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ មកអនុវត្ត ដោយផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្ដ្ររបស់ ក្រសួង ស្ថាប័នសាមី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ