ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ដដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប
Tue,29 June 2021 (Time 07:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 123នាក់)

(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តដឹកនាំកិច្ចពិភាក្សា លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអន្តរក្រសួង អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីជំរុញឱ្យអង្គភាពសាងសង់ ក៏ដូចជាក្រុមការងារត្រួតពិនិត្យបច្ចេកទេស ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានគុណភាពផ្លូវរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការសាងសង់ឡើងវិញ និងខាតបង់ពេលវេលាផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារត្រួតពិនិត្យបច្ចេកទេសកែសម្រួលចិញ្ចើមផ្លូវបង្កើន សោភ័ណភាព កែសម្រួល ការ បង្ហាប់ដី ពិនិត្យឡើងវិញច្រាំងស្ទឹងសៀមរាបប៉ែកខាងលិច និងបានត្រូវធ្វើផ្លូវឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានត្រឹមត្រូវកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើការដ្ឋាន ជាពិសេសជួយស្រោចទឹកឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយ ផលប៉ះពាល់សុខភាព ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យអង្គភាពសាងសង់យកស្មារតីខ្ពស់ធ្វើការងារឱ្យមាន គុណភាពល្អ មានសោភ័ណភាពល្អ មានឆន្ទៈម៉ឺងម៉ាត់ ធ្វើឱ្យបានល្អធ្វើកុំឱ្យបរទេស មើលងាយ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ផ្តល់សេចក្តីទុកចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល ប្រែក្លាយតំបន់នេះឱ្យក្លាយជាទីក្រុងទេសចរណ៍ទំនើប ដើម្បីមុខមាត់ ប្រទេសជាតិ និងបានទទួចសុំឱ្យអង្គភាពសាងសង់ធ្វើម្ដងធ្វើឱ្យចប់ កុំបាច់ឱ្យគេត្រួតពិនិត្យ និងកែសម្រួលឡើងវិញដោយត្រូវចំណាយលុយអស់ច្រើនជាងលើកទី១ កុំចង់ចំណេញបន្តិចបន្តួច ពីព្រោះនៅពេលគេធ្វើសវនកម្មរកឃើញកំហុសបច្ចេកទេស តម្រូវឱ្យធ្វើឡើងវិញ ខាតទាំងចុងខាងទាំងដើម និងបានសំណូមពរឱ្យអង្គភាព សាងសង់លើកឡើងនូវបញ្ហាដែលខ្លួនមានដើម្បីរួមគ្នាដោះស្រាយ។

លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារត្រួតពិនិត្យបច្ចេកទេស ត្រូវពង្រឹងការអនុវត្តរបស់ខ្លួនដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធ អនុវត្តតាមស្តង់ដារបច្ចេកទេស ត្រួតពិនិត្យ បច្ចេកទេស ឱ្យបានត្រឹមត្រូវ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ រួបរួមគ្នាខិតខំប្រឹងប្រែង បំពេញការងារឱ្យបានល្អប្រកបដោយ ការប្ដេជ្ញាចិត្តខ្ពស់ មានឆន្ទៈខ្មាស់ខ្លួនឯងនៅពេលធ្វើការមិនបានជោគជ័យ មិនចាំបាច់ឱ្យគេដាស់តឿនថាធ្វើមិនកើតនោះទេ។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារ ក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោង សាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ, នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាន នូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជា៤ប្រភេទរួមមាន៖ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨៨០ គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥៩៦ គីឡូម៉ែត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកិច្ចប្រជុំពីលទ្ធផលការងាររយៈពេល៩ខែ​ឆ្នាំ​២០​២​១​និងទិសដៅបន្តសម្រាប់អនុវត្តនាពេលខាងមុខ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ()

ព័ត៌មានគួរចាប់អារម្មណ៍

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ សំណូមពរដល់ពលរដ្ឋជួយថែរក្សាសម្បត្តិជាតិឱ្យបានគង់វង្ស កុំដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តព្រះវិហារ, លោក យ៉ុង គឹមហ៊ាន ជំនួសលោក គោ ស៊ុប៊ុនសឿត ដែលផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ()

វីដែអូ