ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមការងារត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យ បើកកិច្ចប្រជុំរឹតបន្តឹងចំពោះអ្នកលួចឆ្លងចូលក្រុងសែនមនោរម្យ
Thu,22 April 2021 (Time 09:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាល ដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បានបើកកិច្ចប្រជុំមួយ ក្នុងគោលបំណងដើម្បីរឹតបន្តឹង គ្រប់គ្រង និងការដាក់ចេញនូវវិធានការនានា ចំពោះអ្នកដែលបានលួចឆ្លងចូលមកក្រុងសែនមនោរម្យ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងារក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសមាជិក១៤រូប ជាអភិបាលក្រុង ប្រធានមន្ទីរ ចៅសង្កាត់ និង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទផងដែរ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម មានប្រសាសន៍ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកលួចធ្វើដំណើរឆ្លងពីរាជធានី ខេត្ត ចូលមកកាន់ក្រុងសែនមនោរម្យជាបន្តបន្ទាប់ តាមរយៈការធ្វើដំណើរតាមផ្លូវវាងឬ ការចុះដើរគេចពីនៅកន្លែងត្រួតពិនិត្យជាដើម ដែលករណីនេះបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីហានិភ័យដែលអាចឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងក្រុងសែនមនោរម្យ។

ប្រឈមមុខនឹងបញ្ហាខាងលើនេះ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរីបានចេញសេចក្ដីសម្រេចលេខ០២៣ ស្ដីពី ការចាត់តាំងក្រុមការងារដើម្បីដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលពលករ កម្មករ និង ប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ និង សម្របសម្រួលការចាក់វ៉ាក់សាំងកូវី១៩ នៅតាមក្រុង-ស្រុកក្នុងខេត្តមណ្ឌលគិរី។

លោកអភិបាលរងខេត្តបានបន្តថា អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារសុខាភិបាល បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្ត តាមរយៈការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋជាប្រចាំការដាក់កងកម្លាំងតាមព្រំប្រទល់ខេត្ត ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋពីខេត្តផ្សេងលួចឆ្លងចូលមកខេត្តមណ្ឌលគិរី និងការចុះហាមឃាត់ប្រជាពលរដ្ឋជួបជុំផឹកស៊ី ព្រមទាំងការតាមដាន ប្រមូលអ្នកដែលទើបចូលមកខេត្តយកទៅធ្វើចត្តាឡីស័កនៅមណ្ឌល ឬនៅតាមផ្ទះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

បន្ថែមពីលើវិធានការដែលកំពុងអនុវត្តនេះអភិបាលរងខេត្តបានស្នើឲ្យចៅសង្កាត់ទាំងបួន ចុះណែនាំម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ត្រូវសហការជាមួយអាជ្ញាធរ ដោយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីដែលមានអ្នកចំណូលថ្មី។ អាជ្ញាធរពាក់ព័ន្ធ ត្រូវចិត្តទុកដាក់ឃ្លាំមើល អ្នកធ្វើចត្តាឡីសក័នៅតាមផ្ទះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះរថយន្តដឹកទំនិញ លោកអភិបាលរងខេត្តនឹងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ និង ព្រូឡានឲ្យបានច្បាស់លាស់ ចៀសវាងការលួចលាក់ដឹកមនុស្សចូលដោយខុសច្បាប់។

លោក សាយ ម៉េងគីម បានសង្កត់ធ្ងន់ថា ចំពោះអ្នកលួចចូល ឬ អ្នកបើកបរណាដែលហ៊ានលួចដឹកមនុស្សចូលមកខេត្តមណ្ឌលគិរីដោយខុសច្បាប់ អាជ្ញាធរខេត្ត នឹងអនុវត្តវិធានការរដ្ឋបាល ឬចាប់បញ្ជូនទៅតុលាការតែម្ដង។

លោក សាយ ម៉េងគីម បានស្នើដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ឲ្យបន្តចុះផ្សព្វផ្សាយអប់រំពីជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ រាយការណ៍ដល់អាជ្ញាធរមូលដ្ឋានក្នុងករណីដែលមានអ្នកចំណូលស្រុកថ្មី ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ