ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលសង់លំនៅដ្ឋានលើដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ព្រមព្រៀងរុះរើ ទៅរស់នៅក្នុងភូមិបឹងជង្រុក តេជោឈ្នះឈ្នះ
Fri,02 April 2021 (Time 12:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

(បន្ទាយមានជ័យ)៖ ក្រោយពីទទួលយក ការដំណោះស្រាយតាមបែបឈ្នះឈ្នះ ដែលសម្របសម្រួលដោយ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលបានសង់នៅដ្ឋាននៅលើដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានព្រមព្រៀងរុះរើលំនៅដ្ឋាន ទៅក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ក្នុងពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែត កំពុងចូលរួមជួយរុះរើ និងដឹកជញ្ជូនលំនៅដ្ឋាន ជូនប្រជាពលរដ្ឋចេញពីដីចំណីផ្លូវរថភ្លើង និងដីចំណីផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋ បានថ្លែងរៀបរាប់ទាំងទឹកមុខញញឹមរីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរក្រុងប៉ោយប៉ែត ដែលតែងតែអនុគ្រោះ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ជាក់ស្តែងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរបានផ្តល់ក្តីអនុគ្រោះដល់ប្រជាពលរដ្ឋ ឲ្យបានអាស្រ័យផលលើដីចំណីផ្លូវ រហូតមកដល់ពេលនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានជួយសម្របសម្រួលរកទីកន្លែងយ៉ាងល្អសមរម្យ សម្រាប់ប្រជាពលរដ្ឋរើទៅតាំងទីលំនៅដោយស្របច្បាប់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដែលបានសង់ទីលំនៅនៅលើចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែតនេះ ត្រូវបានសម្របសម្រួលឲ្យពួកគាត់ទទួលបានដីស្របច្បាប់ ទៅរស់នៅក្នុងចំណុចអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលកំពុងអភិវឌ្ឍក្រោយពេលដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃតាមបែបឈ្នះឈ្នះ ក្រោមការដឹកនាំផ្ទាល់របស់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យ។

ទីតាំងចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥នេះ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំអភិវឌ្ឍឱ្យប្រែក្លាយទៅជាសួនច្បារ មរតកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់លំអក្រុងប៉ោយប៉ែតផង និងជាកន្លែងហាត់ប្រាណ លំហែកំសាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋសាធារណជនផង។

ថ្លែងក្នុងពេលចុះពិនិត្យការរុះរើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលសង់ទីលំនៅលើដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ លោក ប៉ាន់ខែម ប៊ុនថន បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនទាំងជាង៥០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត ដើម្បីទៅរស់នៅលើដីស្របច្បាប់របស់ខ្លួន ដែលទទួលបានតាមការ ដោះស្រាយបែបឈ្នះឈ្នះនៅក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់បន្ថែមថា ក្រោយពេលក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី សហការជាមួយក្រុមការងារ សាលាខេត្តបន្ទាយមានជ័យ ដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ នៅចំណុចបឹងជង្រុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយដ៏ថ្លៃថ្លានូវដីទំហំ៣០៤ហិកតា សម្រាប់អភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដោយភ្ជាប់ជាមួយការរៀបចំ ឲ្យមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមមាន៖ សាលារៀន មណ្ឌលសុខភាព ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការសន្តិសុខអាវុធហត្ថ ស្នាក់ការភូមិ អគារកាកបាទក្រហម ស្រះទឹកទំហំ៦,៥ហិកតា ផ្លូវថ្នល់ខ្វាត់ខ្វែង ដើម្បីសម្រួល និងលើកកម្ពស់ដល់ជីវភាពរស់នៅ ជូនបងប្អូនប្រជាពលរដ្ឋ។

ក្រោយពីរៀបចំបែងចែកដីលំនៅដ្ឋាន និងអាស្រ័យផលស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋនៅចំណុចបឹងជង្រុក ដីទំហំ៣០៤ហិកតានេះ ក៏នៅសល់ចំណែកដីខ្លះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរក្រុង/ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ដោះស្រាយសម្របសម្រួលឱ្យមករស់នៅជាមួយបងប្អូនប្រជាពលរដ្ឋក្នុង ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបន្តអនុវត្តន៍នូវវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរយៈពេល០២សប្តាហ៍ទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាលចែកម៉ាស អាល់កុល ជែក ប្រេងសាំង និងថវិការលើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ណែនាំឲ្យបន្តអនុវត្តន៍ និងផ្សព្វផ្សាយបន្តវិធានការពារឆ្លងជំងឺកូវីដ១៩ «៣កុំ ៣ការពារ» ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងលោក បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ និងវិធានការទបស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តព្រះវិហារ ចុះត្រួតពិនិត្យគោលដៅអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ()

វីដែអូ